ពលរដ្ឋខ្មែរចំនួន ៤ នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ ស្រះកែវ ប្រទេសថៃ

 

 

 

 

ពលរដ្ឋខ្មែរចំនួន ៤ នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ ស្រះកែវ ប្រទេសថៃ

ប្រទេសថៃ : នៅវេលាម៉ោង ១០.២៤ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខវត្តណូនជិក ឃុំវឌ្ឍនាណាក់ខន ស្រុកវឌ្ឍនាណាក់ខន ខេត្តសាកែវ មានហេតុការណ៍រថយន្តទេសចរណ៍មួយគ្រឿង ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកយ៉ាងពេញទំហឹងជាមួយរថយន្តប្រភេទវ៉ែនដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរទិសដៅពីទីក្រុងបាងកក ឆ្ពោះមកកាន់ផ្សាររោងក្លឿ ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ប៉ោយប៉ែត-ខ្លងលឹក ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៥ នាក់ និងរងរបួស ៧ នាក់។ ក្នុងនោះ ពលរដ្ឋខ្មែរចំនួន ១០នាក់ (ជាទេសចរ និងអ្នកជំងឺ) ដែលជិះក្នុងរថយន្តវ៉ែនបើកបរដោយជនជាតិថៃ ទិសដៅពីបាងកក មកកាន់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក បានរងគ្រោះស្លាប់ចំនួន ៤នាក់ (៣នាក់ ជាស្ត្រី និងម្នាក់ជាកុមារា)។ ចំណែក ៦នាក់ផ្សេងទៀត គឺ ៤នាក់រងរបួសស្រាល និង ២នាក់រងរបួសធ្ងន់ កំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យ។ តៃកុងឡានវ៉ែនដែលជាជនជាតិថៃបានស្លាប់។ រីឯអ្នកបើកបររថយន្តទេសចរណ៍កំពុងសន្លប់មិនទាន់ដឹងខ្លួននៅឡើយ។

មន្ត្រីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តសាកែវ(ស្រះកែវ) បានចុះទៅកាន់កន្លែងកើតហេតុ ជួបជនរងគ្រោះជាពលរដ្ឋខ្មែរ អាជ្ញាធរពាក់ព័ន្ធថៃ និងបាននិងកំពុងសហការជាមួយសាច់ញាតិសព ជនរងគ្រោះ ជាពលរដ្ឋខ្មែរខាងលើ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធថៃ-កម្ពុជា ដើម្បីរៀបចំបែបបទនាំយកសពទៅធ្វើបុណ្យតាមប្រពៃណីនៅកម្ពុជា ផងដែរ ។