ពិធីប្រកាសតែងតាំងអភិបាលក្រុងថ្មី ក្រុងខេមរភូមិន្ទ ខេត្តកោះកុង 

 

 

 

(ដោយ សំរិទ្ធិ ភារុន)

(កោះកុង) នារសៀលថ្ងៃទី 6 ខែកញ្ញា ឆ្នាំ 2024 រដ្ឋបាលក្រុងខេមរភូមិន្ទ បានរៀបចំពិធីប្រកាសតែងតាំងអភិបាលក្រុងខេមរៈភូមិន្ទថ្មី នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម ប្រធាន ក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង ព្រមទាំង អភិបាលរងខេត្ត ក្រុមប្រឹក្សាក្រុង អភិបាលស្រុក ថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សង្កាត់ទាំង៣ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប ។

 

បន្ទាប់ពីទទួលបានការតែងតាំង លោក អភិបាលក្រុងថ្មី ភូថង សេរីវុឌ្ឍី បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ គោរព និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញននៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តតាមកម្មវិធីគោលនយោបាយ សេចក្តីណែនាំលិខិតបទដ្ឋានគត្តិ យុត្តនានា របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលខេត្ត។ សាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ ។ គាំទ្រនិងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធី និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ និងគោលនយោបាយជាអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព

នូវគោល នយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសការអនុវត្តវិធានការគន្លឹះទាំង៥ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គោលនយោបាយ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ។ ព្យាយាម អស់ពីកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីធ្វើការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់សេវា សាធារណៈ និងសេវារដ្ឋបាលប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋឱ្យបានល្អ។

 

ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យកាន់តែ មានប្រសិទ្ធភាព និងប្រសិទ្ធផលតាមរយៈកិច្ចខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា ពិសេសសកម្មភាពលួច ឆក់ ប្លន់ បទល្មើសគ្រឿងញៀនខុសច្បាប់ អំពើជួញដូរ មនុស្ស ក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ និងពង្រឹងការអនុវត្តច្បាប់ចរាចរក្នុងភូមិសាស្ត្រ ដើម្បីបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម រក្សាស្ថិរភាពនយោបាយ និង ភាពសុខដុមរម្យនាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងថែមទៀត។ ជាពិសេសបន្តខិតខំអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរ ។

 

ក្នុងឱកាសនោះ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានមានប្រសាសន៍កោតសរសើរចំពោះអភិបាលក្រុងចាស់គឺ លោក ប្រាក់ វិចិត្រ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អប្រសើរនៅពេលកន្លងទៅ ។

ស្របពេលជាមួយគ្នា លោកជំទាវ អភិបាលខេត្ត សម្ដែងការអបអរសាទរជូនចំពោះ លោក ភូថង សេរីវុឌ្ឍី ដែលទើបនឹងទទួលបានកាតែងតាំងជាអភិបាលក្រុងថ្មីនៅក្នុងពេលនេះ លោកជំទាវ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើលោកភិបាលក្រុងថ្មី ត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណា ចូលរួមអភិវឌ្ឍន៍ក្រុងខេមរភូមិន្ទរបស់យើងឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត លោកជំទាវបានស្នើសុំឱ្យមានការសហការគ្នា សាមគ្គីផ្ទៃក្នុង ដើម្បីសម្រេចបានលទ្ធផលល្អប្រសើរ ជូនពលរដ្ឋ ។ ជាពិសេសរួមគ្នាចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង់។ ជាមួយនឹងគ្នានោះដែរលោកជំទាវ អភិបាលខេត្ត បានធ្វើការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ជូនដល់អង្គពិធីឲ្យយល់កាន់តែច្បាស់ ចៀសវាងជឿតាមការញុះញង់ផ្សព្វផ្សាយព័ត៌មានមិនពិត ពីអ្នកប្រឆាំងក្រៅប្រទេស ដែលអាចបង្ករភាពចលាចលនៅក្នុងសង្គម ៕