អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ រួចទោសទាំងស្រុង មុនកាលកំណត់ ក្រោយព្រះមហាក្សត្រ។ លើកលែងទោស

    • ថៃឡង់ដ៍៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ស្ថិតនៅក្នុងចំណោមអ្នកទោសដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ និងត្រូវរួចទោសទណ្ឌនៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) នេះបើយោងតាមការបញ្ជាក់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ដោយលោកមេធាវី វីនយ៉ាត់ ឆាតម៉ុន្ទ្រី ។
    • ជាក់ស្តែង ការលើកលែងទោសចំពោះលោក ថាក់ស៊ីន នឹងត្រូវបញ្ចប់នៅចុងខែនេះ ប៉ុន្តែការដែលរួចទោសទណ្ឌមុនកាលកំណត់បែបនេះ គឺជាផ្នែកមួយនៃការលើកលែកទោសរបស់ព្រះមហាក្សត្រ ក្នុងចំណោមអ្នកទោសចំនួន ៧,៥០០ នាក់ផ្សេងទៀត (ដែលប្រព្រឹត្តល្អ) ​អំឡុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មព្រះមហាក្សត្រ មហា វ៉ាជីរ៉ាឡុងកន កាលពីខែមុន ។
    • មហាសេដ្ឋីវ័យ ៧៥ ឆ្នាំរូបនេះ បានវិលត្រលប់ចូលទៅកាន់ប្រទេសថៃឡង់ដ៍វិញ នៅឆ្នាំ ២០២៣ ក្រោយនិរទេសខ្លួនឯងនៅឯបរទេសរយៈពេល ១៥ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៨ ។
    • ក្រោយវិលចូលប្រទេស លោកថាក់ស៊ីន រងការកាត់ទោសពីបទរំលោភបំពានអំណាច និងទំនាស់ផលប្រយោជន៍ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ ឆ្នាំ ក្រោយមកទទួលបានការសម្រាលទោសពីព្រះមហាក្សត្រ ឱ្យលោកត្រូវជាប់ពន្ធនាគារមួយឆ្នាំជំនួសវិញ ។
    • លោកបានចំណាយពេល ៦ ខែនៅក្នុងមន្ទីរពេទ្យយោធា ជំនួសឱ្យការជាប់ឃុំឃាំងក្នុងពន្ធនាគារដោយសារតែបញ្ហាសុខភាព និងទទួលបានការអនុញ្ញាតឱ្យមានសេរីភាពឡើងវិញជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ក្រោមលក្ខខណ្ឌអាយុ និងសុខភាព ។
    • កាលពីថ្ងៃសុក្រ សមាជិកសភាថៃ បានបោះឆ្នោតជ្រើសរើសលោកស្រី ផេថុងថាន ស៊ីណាវ៉ាត់ វ័យ ៣៧ ឆ្នាំ ដែលត្រូវជាកូនស្រីពៅរបស់លោក ឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃឡង់ដ៍ បន្ទាប់ពីលោកសេដ្ឋា ថៈវីស៊ីន ត្រូវតុលាការធម្មនុញ្ញ ដកហូតតំណែង ព្រោះតែតែងតាំងមេធាវីធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តំណែងនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក ។
    • គួររំឮកថា នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ព្រះមហាក្សត្រថៃ នឹងព្រះប្រទានការយល់ព្រមជាមុនសិន មុននឹង លោកស្រី ផេថុងថាន ក្លាយជានាយករដ្ឋមន្ត្រីទី ៣១ ជាផ្លូវការ និងជានាយករដ្ឋមន្ត្រីវ័យក្មេង បំផុត នៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃឡង់ដ៍ ៕