ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញបើកសិក្ខាសាលាស្តីពីប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិសម្រាប់អ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី «ប្រសិទ្ធភាព នៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ សម្រាប់អ្នកនាំពាក្យ និងមន្ត្រីទទួលបន្ទុកព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី»។
សិក្ខាសាលានេះបានធ្វើឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីទូទាំងប្រទេស ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៦។ រហូតមកដល់បច្ចុប្បន្ន ពុំធ្លាប់មានការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្ដាលពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងកិច្ចការនាំពាក្យ ដល់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តីនៅឡើយនោះទេ។ ជាក់ស្ដែងកិច្ចការនាំពាក្យត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការងារព័ត៌មានជូនសាធារណជនទាំងជាតិ និងអន្តរជាតិ អំពីការងារដែល ជាសមិទ្ធផល ព្រមទាំងគោលបំណង និងគោលនយោបាយរបស់ស្ថាប័ន និងអង្គភាពរបស់ខ្លួន។ ដោយឡែក បុគ្គលដែលអាចក្លាយជាអ្នកនាំពាក្យទាមទារឱ្យមានចំណេះដឹង និងភាពប៉ិនប្រសព្វពាក់ព័ន្ធនឹងការងារទំនាក់ទំនង សាធារណៈ។ល។
មួយវិញទៀត សម្រាប់អ្នកនាំពាក្យនៅតាមសាលាជម្រះក្តី ទាមទារឱ្យមានលក្ខណៈពិសេស បន្ថែមលើលក្ខខណ្ឌដែលបានរៀបរាប់ខាងលើនោះគឺត្រូវស្ថិតនៅចន្លោះកណ្តាលរវាងការងារចំនួនពីរ ដែលមានភាពផ្សារភ្ជាប់គ្នានោះ រួមមាន៖
*ទី១៖ ការរក្សាការសម្ងាត់ពាក់ព័ន្ធនឹងកិច្ចការតុលាការ
*ទី២៖ សិទ្ធិទទួលបានព័ត៌មាន ដែលទាមទារឱ្យអ្នកនាំពាក្យត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកិច្ចការនេះ។
ការរក្សាការសម្ងាត់ពាក់ព័ន្ធនឹងកិច្ចការតុលាការ គឺជារឿងចាំបាច់បំផុតសម្រាប់អ្នកនាំពាក្យរបស់សាលាជម្រះក្ដីដែលតម្រូវឱ្យមានការថ្លឹងថ្លែងឱ្យបានម៉ត់ចត់ថាតើព័ត៌មានប្រភេទណាដែលគួរ ឬមិនគួរធ្វើការផ្សព្វផ្សាយ ដើម្បីចៀសវាងនូវការប៉ះពាល់ដល់កិច្ចដំណើរការ និងសេចក្តីសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យ។
ទន្ទឹមនេះសិទ្ធិទទួលបានព័ត៌មាន ក៏ជាកិច្ចការមួយដែលស្ថាប័ន និងអង្គភាពនានាគប្បីអនុវត្តតាមរយៈការផ្សព្វផ្សាយព័ត៌មាន និងការបកស្រាយបំភ្លឺពាក់ព័ន្ធនឹងការចោទប្រកាន់ និងការរិះគន់ដោយពុំមានមូលដ្ឋានច្បាស់លាស់ មកលើស្ថាប័នតុលាការ ជូនដល់សាធារណជនសំដៅចូលរួមប្រយុទ្ធប្រឆាំង និងកាត់បន្ថយព័ត៌មានក្លែងក្លាយ ក៏ដូចជាឆ្លុះបញ្ចាំងពីតម្លាភាព គណនេយ្យភាព និងឧត្តមានុភាពរបស់ស្ថាប័នតុលាការ។
អាស្រ័យដោយការមើលឃើញពីសារៈសំខាន់នៃកិច្ចការនាំពាក្យនេះ ក្រសួងយុត្តិធម៌មានការចាំបាច់ក្នុងការរៀបចំសិក្ខាសាលាស្ដីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ» សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្តី ដើម្បីបញ្ជ្រាបនូវការយល់ដឹងបន្ថែមអំពីកិច្ចការដ៏មាន សារៈសំខាន់ទាំងនេះ ក៏ដូចជាចូលរួមបង្កើននូវប្រសិទ្ធភាពនៃការអនុវត្តការងារស្របតាមទិសដៅនៃយុទ្ធសាស្ត បញ្ចកោណ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ប្រព័ន្ធយុត្តិធម៌ ក៏ដូចជាបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធតុលាការរបស់កម្ពុជា។
សិក្ខាសាលាស្តីពី «ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ» នេះនឹងក្លាយជាឱកាសមួយដ៏ល្អក្នុងការបង្កើតឡើងនូវវេទិកាជួបជុំរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មានក្នុងវិស័យយុត្តិធម៌ទូទាំងប្រទេស។ ទន្ទឹមនេះ សិក្ខាសាលានេះក៏នឹងនាំមកនូវការចែករំលែកចំណេះដឹង ព្រមទាំងបទពិសោធន៍ សំខាន់ៗនានាពាក់ព័ន្ធនឹងកិច្ចការព័ត៌មាន នាំពាក្យ និងសាធារណមតិពីសំណាក់ឥស្សរជនសំខាន់ៗរបស់ រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ សិក្ខាកាមដែលចូលរួមក៏អាចមានឱកាសក្នុងការបង្កើត និងបង្កើននូវបណ្តាញទំនាក់ទំនងក្នុងវិស័យព័ត៌មានឱ្យកាន់តែមានភាពទូលំទូលាយ និងគាប់ប្រសើរឡើង៕