សន្និបាទ បូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ ២០២៣ និង លេីកទិសដៅការងារ ប្រចាំឆ្នាំ២០២៤ របស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ

 

 

 

 

បន្ទាយមានជ័យ ៖ នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ថ្ងៃអង្គារ ៧ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣និងលើកទិសដៅឆ្នាំ២០២៤ដែលមានសមាជិកសមាជិកាចូលរួមប្រមាណជាងជិត ៧០០នាក់ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។

 

 

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ៖ ទោះបីជាសភាពការណ៍សកលលោក និងតំបន់មានវិបត្តិប្រែប្រួលស្មុគស្មាញយ៉ាងណាក្ដី ក៏ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ដើម្បីគ្រប់គ្រងប្រទេសប្រកបដោយទស្សនៈវិស័យច្បាស់លាស់ ដែលមានការគាំទ្រការចូលរួមពីមន្ទីរអង្គភាពស្ថាប័នអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងខេត្ត។

 

ក្នុងនោះ រដ្ឋបាលខេត្តជាស្ថាប័ន ទទួលខុសត្រូវ ក្នុងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានខិតខំប្រឹងប្រែងរួមគ្នារក្សាការពារយ៉ាងរឹងមាំនូវសុខសន្តិភាពស្ថិរភាពនយោបាយអធិបតេយ្យភាពបូរណភាពទឹកដីដោយបញ្ចៀសបាននូវអំពើភេរវកម្មព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលានូវឧក្រិដ្ឋកម្មឆ្លងដែន និងសុខសន្តិភាពផ្ទៃក្នុងបានយ៉ាងល្អប្រសើរ។

 

ឯកឧត្តម បានបន្តថា ៖ ការបម្រើ សេវារដ្ឋបាលនិងសេវាតម្រូវការចាំបាច់នានានៅមូលដ្ឋានក៏ត្រូវបានពង្រឹងគុណភាពសមត្ថភាពដូចជាការកែលម្អជាប្រចាំនៃរបៀបរបប និងអាកប្បកិរិយាការងាររបស់មន្ត្រីនៅមូលដ្ឋានដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ នឹងបន្តជំរុញចលនាអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពការធ្វើឲ្យប្រជាពលរដ្ឋមានការគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខនិងសុវត្ថិភាពនៅមូលដ្ឋាន។

 

ការផ្តល់នូវការទុកចិត្តពីប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងទៅ ដែលអាចស្តែងឡើងយ៉ាងប្រត្យក្ស តាមរយៈ លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ជាសក្ខីភាពស្រាប់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ។

 

ក្នុងអង្គសន្តិបាតនេះផងដែរក៏មានអស់លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធបានឡើងធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារតាមអង្គភាពរបស់ខ្លួនបានសម្រេច ក្នុងរយៈ០១ឆ្នាំកន្លងមកនិងបញ្ហាប្រឈមនានារួចមក ។

 

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក៏បានធ្វើការបែងចែកជាក្រុមពិភាក្សាចំនួន០៥ក្រុម ដើម្បីចូលរួមពិនិត្យផ្តល់យោបល់លើសេចក្ដីព្រាងរបាយការណ៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយក្រុមទី១មានប្រធានបទ ស្ដីពីប្រសិទ្ធភាពនៃការផ្តល់សេវានៅថ្នាក់ក្រោមជាតិអាចក្រុងស្រុកនិងច្រកចេញចូលតែមួយ។

 

_ក្រុមទី២ក្រោមប្រធានបទវិធានការទប់ស្កាត់ការធ្វើចំណាកស្រុកដោយខុសច្បាប់ ។

_ទី៣ប្រធានបទការងារបង្ក្រាបការលេងល្បែងស៊ីសងគ្រឿងញៀនខុសច្បាប់ ។

_ទី៤ប្រធានបទការឆ្លើយតបបានទាន់ពេលវេលាចំពោះ អន្តរាយនៃជំងឺរាតត្បាត ។

_ទី៥ក្រោមប្រធានបទការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព ៕