ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកអគ្គរដ្ឋទូតវៀតណាម ឯកភាពគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការ ពិសេសលើការងារសន្ដិសុខ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ
#ភីអិលញូវplnews(Telegram) 095949325.!!
ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យ លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព, រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្ដើម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនលោក ង្វៀន ហ៊ុយតាំង អំពីវឌ្ឍន៍ភាពរាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មី ដែលបង្កើតបានជាង១០០ថ្ងៃនេះ ហើយបន្ដរក្សាបាននូវសន្ដិភាព សុវត្ថិភាព វិបុលសុខ ភាពរីកចម្រើន និងជាពិសេសរក្សានូវភាពសុខសាន្ដជូនប្រជាពលរដ្ឋទាំងមូល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងពីទិសដៅអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល គឺការបន្ដពង្រឹងនូវសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។ បន្ថែមពីនេះ លោកបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ពិសេសលើវិស័យសន្ដិសុខ ដែលសហការបានយ៉ាងល្អក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងឱកាសនោះ លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានធ្វើការកោតសរសើរដោយស្មោះស្ម័គ្រអស់ពីចិត្ត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ដូចជាការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩, ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ, ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ និងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
លោកឯកអគ្គរដ្ឋទូត បានបន្ដទៀតថា តាំងពីនីតិកាលចាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ដរហូតមកដល់នីតិកាលថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្ដដឹកនាំទទួលបានជោគជ័យក្នុងការរក្សានូវសុខសន្ដិភាព និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងនោះវិស័យសំខាន់ៗជាច្រើនមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោក ង្វៀន ហ៊ុយតាំង ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ពិសេសលើការងារសន្ដិសុខ ដោយឈានដល់ការបង្ក្រាប និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ។ គ្រាកន្លងមកនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានដើរតួនាទីយ៉ាងសំខាន់ និងធ្វើការយ៉ាងជិតស្និតជាមួយភាគីវៀតណាម។
ក្នុងជំនួបនោះ ភាគីទាំងពីរធ្វើការឯកភាពគ្នាទាំងស្រុង ក្នុងការបន្ដកិច្ចសហប្រតិបត្តិការសំខាន់ៗ លើការងារមួយចំនួន ដូចជា ការបន្ដផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ដើម្បីទប់ស្កាត់ និងការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត, សហការផ្លាស់ប្ដូរប្រតិភូទៅវិញទៅមក ដើម្បីបន្ដរឹតចំណងមិត្តភាពរវាងកម្ពុជា-វៀតណាម, បន្ដទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបន្ដកិច្ចសហប្រតិបត្តិការលើការងារគ្រប់វិស័យ ក្នុងនោះមានទាំងសេដ្ឋកិច្ច និងទេសចរណ៍ជាដើម៕