អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ០៦នាក់ រួមនឹងវត្ថុតាង ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន 

 

 

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បេីកប្រតិបត្តការ​ បង្រ្កាបករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណី កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៦នាក់ រួមនឹងវត្ថតាងមួយចំនួនធំ។ ប្រតិបត្តការនេះធ្វេីឡេីងកាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២៣ នៅចំណុចមុខក្លឹប MIX CLUB ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យទាំង០៦នាក់​ ១-ឈ្មោះ ត្រាយុត កែវសុផា (ហៅ ឆាំ )​ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ មិនពិតប្រាកដ (ជួញដូរនិងប្រើប្រាស់)។ ២-ឈ្មោះ ណាំងថាក់ប៉ាកវិន ខុងសាមស៊ី (ហៅ អម)​ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។ ៣-ឈ្មោះ ឆានណាឡិន ចាន់វើនឡាត់ ហៅ អាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ​ (ជួញដូរនិងប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត)។ ៤-ឈ្មោះ ធិទិវុធ សុរិវង់ ហៅ ហ្គិត ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ មុខរបរ លក់ដូរ (ជួញដូរនិងប្រើប្រាស់)។

៥-ឈ្មោះ ភិឈិវ៉ាត់ យុងឃុង (ហៅ អង់)​ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិថៃ(ជួញដូរនិងប្រើប្រាស់)។ ៦-ឈ្មោះ ឆាក់ណាក់ឆៃ លឿងសុចារ៉ើន ហៅ ហ្វេម ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិថៃ មុខរបរ កម្មករ​ (ជួញដូរនិងប្រើប្រាស់) អ្នកទាំង៦ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកមេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បន្តទៀតថា​ វត្ថតាងចាប់បានរួមមាន​៖​ -ម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន ១០៣ថង់កិប ទម្ងន់ ២៤៦,១ក្រាម (ថ្លឹងទាំងសម្បកថង់),​ -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន ១១៧៤គ្រាប់ ទម្ងន់ ១៤៨,៧ក្រាម (ថ្លឹងទាំងសម្បកថង់),​ -ក្រាមម៉្សៅពណ៌សថ្លា (ខេ) ចំនួន ០១កូនថង់កិប ទម្ងន់ ៤,៩៩ក្រាម,​ -ក្រាមម្ស៉ៅពណ៌សថ្លា ច្រកក្នុងកញ្ចប់ពណ៌មាស (ខេ) ចំនួន ១១៩កញ្ចប់ ទម្ងន់ ១៧៨,៨ក្រាម (ថ្លឹងទាំងសម្បកថង់),​ -ថ្នាំគ្រាប់ពណ៌ស្វាយ(អ៊ិចស្តាស៊ី) ចំនួន ០៤គ្រាប់កន្លះ ទម្ងន់ ២,២៩ក្រាម,​ -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន ០១កញ្ចប់ ទម្ងន់ ១៧,១២ក្រាម,​ -ថ្នាំគ្រាប់សំបកពណ៌ត្រួយចេក ចំនួន ០៩គ្រាប់,-ទឹកថ្នាំពណ៌ផ្កាឈូក ចំនួន ០៤កញ្ចប់,​ -កញ្ឆាក្រៀម ចំនួន ៤២កញ្ចប់ ១២១៧,៥ក្រាម,​ -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០៥គ្រឿង,​ -កាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាក EKOOL JAKAL DUALCOMPACT (បង់០១, គ្រាប់ចំនួន ០២គ្រាប់),​-បំពង់វែបជក់ ចំនួន ១០ដើម,​ -ដបទឹកថ្នាំវែប ចំនួន ១២ដើម,​ -ម៉ូតូ ចំនួន ០២គ្រឿង,​ -ទូរស័ព្ទ ចំនួន ០៩គ្រឿង រួមនឹងវត្ថុតាងមួយចំនួនទៀត។

ក្រោយឃាត់ខ្លួន​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង៦នាក់​ រួមនឹងវត្ថុតាង​ មកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ​ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ​ផងដែរ ។

បច្ចុប្បន្នជន សង្ស័យ​រួមនឹងវត្ថុតាង​ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ​បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ​ហើយ នៅរសៀលថ្ងៃពុធ ទី០៣​ ខែឧសភា​​ ឆ្នាំ​២០២៣​នេះ៕