
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ“ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” ដែលបានរៀបចំឡើងនៅ ខេត្តបន្ទាយមានជ័យ .!!
ខេត្តបន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ១កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញជាអធិបតីក្នុងឱកាសប្រារព្ធពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ“ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” ដែលបានរៀបចំឡើងនៅ ខេត្តបន្ទាយមានជ័យ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេននិងជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ សូមប្រកបតែនឹងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវបានប្រារព្ធឡើងជាផ្លូវការរួចហើយកាលពី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រមាណជាង ៣០០០នាក់ មកពី ក្រសួង ស្ថាប័ន អង្គភាពនានារបស់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អង្គការ សមាគមជាតិ–អន្តរជាតិ វិស័យសាសនា វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋ ក៏ដូចជានិស្សិត និង សិស្សានុសិស្ស ដើម្បីបង្ហាញពីឆន្ទ:ដ៏មោះមុត និងការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តតស៊ូយ៉ាងប្តូរផ្តាច់ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប រាល់បទល្មើស និងដោះស្រាយ រាល់បញ្ហាដែលការពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្រាប់ថ្ងៃនេះ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តមានជ័យ និងខេត្តប៉ៃលិន បានរួមគ្នារៀបចំប្រារព្ធពិធីដូចគ្នានេះ នៅក្នុងកម្រិតថ្នាក់ខេត្តដើម្បីបន្ត ដាស់តឿន ក្រើនរំឮក ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់រូបឱ្យ យកចិត្តទុកដាក់ និងស្វែងយល់ឱ្យបានកាន់តែច្បាស់ថែមទៀតពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន ក៏ដូចជាបន្តអំពាវនាវនិងបំផុសឱ្យមានការចូលរួមនិងគាំទ្រកាន់តែសកម្មថែមទៀតនៅគ្រប់សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ទាំងដោយផ្ទាល់ និងទាំង ដោយប្រយោលដើម្បីរួមចំណែកក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ សង្គម ពិសេសការពារ និងលើកស្ទួយបន្ថែមទៀតនូវការរស់នៅ ដ៏សុខក្សេមក្សាន្តរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើង។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ អង្គការ–សមាគមជាតិ–អន្តរជាតិ វិស័យសាសនា វិស័យឯកជន សប្បុរសជន បណ្តាប្រទេសជាមិត្តពិសេសបងប្អូនប្រជាពលរដ្ឋ ក្មួយៗនិស្សិត និងសិស្សានុសិស្សទាំងអស់ ដែលបានយកចិត្តទុក ដាក់ចូលរួម និងគាំទ្រយ៉ាងពេញទំហឹង រហូតធ្វើឱ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈ។
បន្ទាប់ពីអង្គពិធីទាំងមូលបានស្តាប់នូវសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រធានអាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងបន្តថា ប្រធានបទនៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនអន្តរជាតិឆ្នាំនេះ ដែលបានដាក់ចេញដោយ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រឹដ្ឋកម្ម គឺ“ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌” ក្នុងគោលបំណងរំលេចនូវ វិបត្តិជំងឺកូវីដ–១៩ វិបត្តិសង្រ្គាមអ៊ុយក្រែន រុស្ស៊ី វិបត្តិភូមិសាស្រ្តនយោបាយ រួមនិងវិបត្តិផ្សេងៗទៀត ដែលបានជះឥទ្ធិពលអវិជ្ជមានដល់សង្គម សេដ្ឋកិច្ច សណ្តាប់ធ្នាប់ និងសន្តិសុខផងដែរ ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានបន្តថា សម្រាប់កម្ពុជា ទោះជាពិភពលោក ក៏ដូចកម្ពុជាជួបប្រទះនូវបញ្ហាខាងលើក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ ជាពិសេសក្រោមគោលនយោបាយចាក់ស្រោចវ៉ាក់សាំងប្រឆាំងជំងឺកូវីដ–១៩ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបង្កលទ្ធភាពពេញលេញឲ្យ សមត្ថកិច្ច មន្រ្តី នឹងអង្គភាពពាក់ព័ន្ធ បន្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងមុតស្រួច និងសស្រាក់សស្រាំ ដើម្បីបង្រ្កាប និងកាត់ផ្តាច់ខ្សែបណ្តាញគ្រឿងញៀន។ ជាក់ស្តែង ក្នុងស្ថានភាពវិបត្តិកូវីដ–១៩ សមត្ថកិច្ចពាក់ព័ន្ធ បានបង្រ្កាបគ្រឿងញៀន និងសារធាតុគីមីផ្សំ គួរឲ្យកត់សម្គាល់ ព្រមទាំងធ្វើការប្រជុំ អប់រំផ្សព្វផ្សាយដោយផ្ទាល់ និងប្រយោល (តាមអនឡាញ) ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់និងការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ខេត្តព្រះសីហនុ រួមនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាដើម។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិងដៃគូរពាក់ព័ន្ធផ្សេងៗទៀត ត្រូវបន្តចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវខ្លឹមសារណែនាំរបស់ សម្តេចតេជោ ដែលមានក្នុងសារលិខិតនៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ និងសូមអំពាវនាវដល់អង្គការ–សមាគមជាតិ–អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យសាសនាវិស័យឯកជន និងសប្បុរសជន សូមបន្តចូលរួម និងគាំទ្រជាថវិកា សម្ភារៈបច្ចេកទេសជាបន្តទៀត ដើម្បីយើងរួមគ្នាលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមចំណែកក្នុងការថែរក្សា និងការសុខុមាលភាពជូនប្រជាពលរដ្ឋ ការពារសន្តិភាពការពារសន្តិ សុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសម្រួលដល់ការអភិវឌ្ឍន៍សង្គមជាតិនៃយើង។