
ឯកឧត្តម សេង ធារិន បានអញ្ជើញជួបសំណេះសំណាល ជាមួយសកម្មជនមកពីគណបក្សបីផ្សេងគ្នា ចំនួន៧រូប ដែលបានស្ម័គចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម សេង ធារិន បានអញ្ជើញដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំ ជួបសំណេះសំណាល ពិនិត្យសុខភាព, ចែកវ៉ែនតាមនុស្សចាស់, ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទៅ និងលើកស្លាកគណបក្ស ទីស្នាក់ការបក្សឃុំ ស្ថិតនៅក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រះព្រះ ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម បានបញ្ជាក់ជូនថា÷ បច្ចុប្បន្ន ប្រជាពលរដ្ឋគ្រប់រូប រួមទាំងសកម្មជនបក្សប្រឆាំងផង ពិតជាមានសំណាង ដោយមានប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្វែងរកជំនួយ និងទិញវ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ជូនប្រជាពលរដ្ឋទូទៅ មន្ត្រីរាជការ ព្រះសង្ឃ និងជនបរទេសដោយឥតគិតថ្លៃ ធានាបាននូវសុខសុវត្ថិភាព សុខភាពសាធារណៈ ដែលជាមោទនភាពសម្រាប់ជាតិខ្មែរទាំងមូល ជាពិសេសក្រោមម្លប់សុខសន្តិភាព ដែលជាមរតកមិនអាចកាត់ថ្លៃបាន ។
ក្នុងឱកាសនោះដែរ ឯកឧត្តម សេង ធារិន ក៏បានអញ្ជើញជួបសំណេះសំណាលនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ សកម្មជនមកពីគណបក្សបីផ្សេងគ្នា ចំនួន៧រូប ដែលបានស្ម័គចិត្តវិលត្រឡប់មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ និងបានពាក់អាវ គណបក្សប្រជាជនកម្ពុជា ក្រោមស្នាមញញឹមប្រកបដោយភាពជឿជាក់។
សូមបញ្ជាក់ផងដែរថា– ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមសរុប៤៥២ នាក់ បានមកទទួលសេវា ពិនិត្យសុខភាព ទទួលឱសថចាក់វ៉ាក់សាំងបង្ការកូវីដ១៩ និងទទួលវ៉ែនតាមនុស្សចាស់ ដែលជាអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី ក្រុមការងារចុះជួយឃុំ ស្រុក សភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីពិធីសំណេះសំណាល ឯកឧត្តម និងក្រុមការងារ បានអញ្ជើញលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការបក្សឃុំទំហំ ៤ម៉ែត្រ×៨ម៉ែត្រ ចំនួន១ផ្ទាំង និងប្រគល់ស្លាកគណបក្សជូនលោកមេបក្សភូមិទាំង១២ផងដែរ ៕