ពិធី សម្ពោធ ដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៦ បន្ទប់ : ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ានឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ..!!

 

បន្ទាយមានជ័យ: លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២បាន អមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ចូលរួមពិធីសម្ភោធ ដាក់ឲ្យប្រើប្រាស់សាលារៀន ០១ខ្នង ចំនួន០៦ បន្ទប់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត។

ពិធីនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ លោក លោកស្រី មន្ត្រីរាជការអាជ្ញាធរក្រុងប៉ោយប៉ែត កម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងសិស្សានុស្សជាង១០០០នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់របស់អាជ្ញាធរគ្រប់ផ្នែកពាក់ពន្ធ័និងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានបំពេញការងារ ផ្តល់សេវាសាធារណ:បានល្អ ហើយក៏បានដើតួនាទីយ៉ាងសំខាន់ក្នុងការួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ លើសពីនេះក៏បានជួយសង្គ្រោះពលរដ្ឋគ្រប់ពេលជួបគ្រោះធម្មជាតិនានា។

ឯកឧត្តម ក៏បានជម្រុញឲ្យអាជ្ញាធរ និង កងកម្លាំងប្រដាប់អាវុធត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណ:ឲ្យបានល្អនិង ឆ្លើយតបដោះស្រាយ បញ្ហាប្រឈមរបស់ពលរដ្ឋតាមមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ពិសេសត្រូវរួមគ្នា កែប្រែតំបន់ព្រំដែនដែលជាអតីតសមរភូមិប្រយុទ្ធ ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ ក្នុងន័យនេះគឺយើងត្រូវអភិវឌ្ឍន៍ធនធានមនុស្ស តាមរយះការបង្កើតឲ្យមានសាលារៀន និងហេដ្ឋារចនាសម្ពន្ធ័នានា ដែលជាតម្រូវការចាំបាច់សម្រាប់ពលរដ្ឋប្រើប្រាស់៕