
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី បានចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ នៅ (វត្តចាន់សុីរាម ស្រុកអូរជ្រៅ )..!!
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង បានអញ្ជើញអមដំណើរ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្ត ចាន់សុីរាម ភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ក៏បានឲ្យអាជ្ញាធរដែនដី បន្តផ្តល់ជូនសេវាសាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សា សន្តិភាព លទ្ធិប្រជាធិបតេយ្យ គាំទ្រនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល មានជំហរនយោបាយហ្នឹង កុំចាញ់កលក្រុមអគតិដែលតែងតែបង្កចលាចលនិងបំផ្លាញសន្តិភាព។
ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ និងបោះឆ្នោតជូនមេឃុំ-ចៅសង្កាត់ ដើម្បីមានការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងឲ្យកាន់តែមានការរីកចម្រើន និងរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាជាពិសេសបន្តរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ។
ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប ។ ទន្ទឹមគ្នានេះ ឯកឧត្តម បានឧបត្ថម្ភ ថវិកា សារ៉ុង ជូនកងកម្លាំង ក្រុមគ្រូពេទ្យ ក្រុមយុវជន ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋផងដែរ ៕