
សាខាគយ និង រដ្ឋាករ ប្រចាំខេត្តសៀមរាប សូមជម្រាបជូនដំណឹង ដល់សាធារណជន ជាពិសេស ម្ចាស់យានយន្ដ ជ្រកក្រោមផ្លាកលេខផ្សេងៗ និង គ្មានពន្ធ និង អាករ នាំចូល
អនុលោមតាមលិខិតរបស់រាជរដ្ឋាភិបាលលេខ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ និង សេចក្ដីជូនដំណឹងលេខ១៩៨៣/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា សាខាគយនិងរដ្ឋាករខេត្តសៀមរាបសូមជម្រាបជូនដំណឹងដល់សាធារណជន ជាពិសេស ម្ចាស់យានយន្ដ ជ្រកក្រោមផ្លាកលេខផ្សេងៗនិង គ្មានពន្ធ និង អាករ នាំចូលមេត្តាជ្រាបថា សាខាគយ និងរដ្ឋាករខេត្តសៀមរាប នឹង នៅបន្តអនុវត្តការប្រមូលពន្ធនិងអាករនាំចូលលើ យានយន្តគ្មានពន្ធក្នុងស្រុករហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
សាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអស់លោក លោកស្រីជាម្ចាស់យានយន្តដែលបានស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចបង់ពន្ធនិងអាករនាពេលកន្លងមក។
ដោយហេតុថារយៈពេលនៃការអនុញ្ញាតអោយបង់ពន្ធនិងអាករនឹងត្រូវផុតឳសានវាទ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខទន្ទឹមនឹងនេះសាខាគយនិងរដ្ឋាករខេត្តសៀមរាប សូមអំពាវនាវ និង លើកទឹកចិត្តដល់ម្ចាស់យានយន្តដែលគ្មានពន្ធទាំងអស់មេត្តារួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។
នៅពេលផុតឳសានវាទចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ សាខាគយនិងរដ្ឋាករខេត្តសៀមរាបនឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបនៅគ្រប់ទីកន្លែងក្នុងភូមិសាស្ត្រនៃខេត្តសៀមរាប ចំពោះរថយន្តចង្កូតឆ្វេងគ្មានពន្ធដែលបង្ក្រាបបាននឹងតម្រូវអោយបង់ពន្ធនិងអាកររួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។
ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទ រថយន្តហាមឃាត់នាំចូលក្នុងករណីបង្ក្រាបបាននឹងត្រូវកំទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់។
អាស្រ័យហេតុនេះ សូមម្ចាស់យានយន្តគ្មានពន្ធទាំងអស់ មេត្តារួសរាន់ដោយស្ម័គ្រចិត្តចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូលអោយបានទាន់ពេលវេលា តាមការកំណត់ដូចមាននៅក្នុងសេចក្តីជូនដំណឹងនេះជាកំហិត។