Chelsea ប៉ះ Man City វគ្គ​ផ្ដាច់ព្រ័ត្រ UCL ក្រោយ​ទម្លាក់ Real

អឺរ៉ុប ៖ ក្រុម​តោ​ខៀវ Chelsea បាន​ឡើងទៅ​ប៉ះ Manchester City ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន UEFA Champions League រដូវ​កាល​ឆ្នាំ​២០២០-២០២១ ក្រោយ​យក ឈ្នះ Real Madrid ២-០ បញ្ចប់​ជើង​ទី​២ នៃ​វគ្គ ៤​ក្រុម​ចុងក្រោយ នៅពេលដែល​ពួកគេ​លេង​ស្មើគ្នា ១-១ កាលពី​ជើង​ទី​១​។​

​កីឡាករ​ខ្សែប្រយុទ្ធ​ដែល​តែងតែ​ត្រូវបាន​គេ​រិះគន់ថា​ខ្សត់​គ្រាប់​បាល់ Timo Werner ជា​អ្នក​តែ​ត​គ្រាប់​ទី​១ នៅ​នាទី​២៨ នៅមុន​ពេល Christian Pulisic បញ្ជូន​ឲ្យ Mason Mount ស៊ុត​គ្រាប់​ទី​២ នៅ​នាទី​៨៥ ធ្វើ​ឲ្យ​ក្រុម​របស់លោក Thomas Tuchel ស័ក្តិសម​ឡើងទៅ​ប៉ះ​ក្រុម​ឈរ​នៅ​កំពូល​តារាង Premier League បច្ចុប្បន្ន Manchester City ក្រោយ​ការទន្ទឹងរង់ចាំ​អស់​រយៈពេល ៩​ឆ្នាំ​។​

​នេះ​ក៏​ជា​លើក​ទី​២ ក្នុង​រយៈពេល ២​រដូវ​កាល​ជាប់​គ្នា​ផងដែរ​សម្រាប់​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់ Tuchel ដែល​នឹង​ដឹកនាំ​ក្រុម​លេង Final នៃ​ពាន​អឺរ៉ុប UCL ក្រោយពេល​ដឹកនាំ PSG ចាញ់ Bayern Munich ១-០ កាល​ឆ្នាំ​២០២០​។​

​សូម​ជ​ម្រា​ន​ថា ជំនួប​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង Chelsea និង Man City ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១ នាទី​ក្រុង Istanbul ប្រទេស​តួ​ក​គី​៕