កម្ពុជា ​គ្រោង​បញ្ជូន​អត្ត​ព​លិ​ក​១២​ប្រភេទ​កីឡា ទៅ​ហ្វឹកហាត់​នៅ​ចិន ត្រៀម​ស៊ី​ហ្គេម​

 

 

​ភ្នំពេញ ៖ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្ម​ធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​លើកឡើងថា កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​-​កីឡាការិនី សក្តានុពល​របស់ខ្លួន​ចំនួន ១២​ប្រភេទ​កីឡា មាន​ចំនួន ១៣៥​នាក់ ចេញទៅ​បន្ត​ការហ្វឹកហាត់​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម និង​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​

ឯកឧត្តម​ចាត់ទុកថា ការហ្វឹកហាត់​នៅ​ប្រទេស​ចិន នឹង​ជួយ​ជំរុញ​ឲ្យ​ថាមពល​កម្លាំង និង​ស្ថេរភាព​បច្ចេកទេស​កាន់តែ​ល្អប្រសើរ ដើម្បី​ត្រៀម​ចូលរួម​ប្រកួតប្រជែង​មេដាយ​ស៊ី​ហ្គេម នៅ​វៀតណាម ចុងឆ្នាំ​២០២១ នេះ​ផង ហើយ​ក្រោយ​បញ្ចប់​ការប្រកួត​ក្រុម​ជម្រើសជាតិ​ទាំងនោះ នឹង​ចេញទៅ​បន្ត​ការហ្វឹកហាត់​រយៈពេល​វែង រហូតដល់​ពេលដែល​ត្រូវធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គ​ម ឆ្នាំ​២០២៣ តែម្តង​។​ យ៉ាងណាមិញ ចំពោះ​ប្រភេទ​កីឡា​ទាំង ១២​នោះ មាន​ប្រភេទ​កីឡា​អ្វីខ្លះ​នោះ ពុំទាន់​ត្រូវបាន​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​នោះទេ​៕