
នៅព្រឹក នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ទីរព័ត៌មានមានតួនាទីសំខាន់ណាស់ ក្នុងការធានា ការទទួលបាន ព័ត៌មានត្រឹមត្រូវ ហើយ គ្រប់ជ្រុងជ្រោយ របស់ប្រជាពលរដ្ឋ ដើម្បីបង្កើនប្រសិទ្ធភាព ព័ត៌មាន និង សាធារណះ មតិ ក្នុងមូលដ្ឋាន
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ លើកទឹកចិត្តដល់ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានជាប់ជាប្រចាំទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើប ដើម្បីផ្តល់ព័ត៌មាន និងចំណេះដឹងគ្រប់បែបយ៉ាង ស្របតាមសេចក្តីត្រូវការរបស់ពលរដ្ឋ ក្នុងមូលដ្ឋាន ហើយបន្តផ្សព្វផ្សាយអំពីសក្តានុពល របស់ខេត្តឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍក្នុងខេត្តទាំងមូល។
ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា នេះបានធ្វើឡើងនៅ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និង បំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមាន ស្នាដៃល្អក្នុងការងាររបស់ខ្លួន នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ណែនាំ ដោយសង្កត់ធ្ងន់ អំពីសារៈសំខាន់ដែលមន្ទីរព័ត៌មាន ត្រូវបំពេញតួនាទីធ្វើជាសេនាធិការល្អរបស់រដ្ឋបាល ខេត្តលើការងារព័ត៌មាននិងសាធារណមតិ។
នៅក្នុងបរិបទសង្គម ឌីជីថលបច្ចុប្បន្នដែលពលរដ្ឋ ទទួលព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកទឹកចិត្ត ក្រុមការងារព័ត៌មាន និងសាធារណមតិ របស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ពិនិត្យរាល់ព័ត៌មានមិនពិត ឬការបំពុលព័ត៌មានផ្សេងៗ ដើម្បីគ្រប់គ្រងនិងទប់ស្កាត់ការរីកសាយភាយ នៃព័ត៌មានក្លែងក្លាយ ហើយត្រូវឆ្លើយតប ឱ្យបានទាន់ ពេលវេលារាល់ព័ត៌មានទាំងអស់ ដែល បានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ ស្ថិរភាព សណ្ដាប់ធ្នាប់ បង្ក អសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរអំពីភាពចាំបាច់ ក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ពលរដ្ឋនៅ ក្នុងមូលដ្ឋានឱ្យបានកាន់តែច្រើន ដើម្បីពង្រីការទទួលព័ត៌មានពិតត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយរបស់សាធារណជន ដើម្បីផ្តល់ប្រភពព័ត៌មាន ច្បាស់លាស់សម្រាប់ការពិចារណា និង ការសម្រេចចិត្តត្រឹមត្រូវជាប្រយោជន៍ដល់ការ បង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍក្នុងមូលដ្ឋាន ព្រមទាំងចូលរួមប្រឆាំង ព័ត៌មានក្លែងក្លាយ។
ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ទីរព័ត៌មាន ខេត្តបន្ទាយមានជ័យ ដែលបានសម្រេច បានកិច្ចការងារយ៉ាងច្រើនក្នុងឆ្នាំ២០២៤ កន្លងទៅនេះក្នុងការគ្រប់គ្រងព័ត៌មាន និង សោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំ សណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រី ទាំងអស់ នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និង ផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺ សាធារណមតិ អំពីបញ្ហាផ្សេងៗដែលបានកើតឡើង។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ដឹកនាំ និង មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តស្រាវជ្រាវស្រូបយកចំណេះ ដឹង និង បច្ចេកវិទ្យាថ្មីៗ ដើម្បីពង្រឹងសមត្ថភាព បន្ថែមទៀត ស្រប តាមការវិវត្តក្នុងសង្គម ហើយ ត្រូវប្រកាន់ខ្ជាប់ នូវអភិក្រមបុរេសកម្ម សកម្ម និង អន្តរសកម្ម ក្នុងការបំពេញតួនាទីរបស់ខ្លួន ជាពិសេសដើម្បីពង្រឹងការផ្សព្វផ្សាយ គ្រប់គ្រង និង ឆ្លើយតបព័ត៌មានប្រកបដោយ ប្រសិទ្ធភាព ជា សេនាធិការរបស់រដ្ឋបាលខេត្ត ក្នុង ការងារព័ត៌មាន និងសាធារណមតិ ។