អគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា (អគរ) សហការជាមួយអង្គការគយ ពិភពលោក (WCO) បានរៀបចំវគ្គ បណ្តុះបណ្តាល ស្តីពី “ការយល់ដឹង ពីការរាវរកសារធាតុវិទ្យុសកម្ម 

 

 

ភ្នំពេញ : ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០ ២៥ អគ្គនាយកដ្ឋានគយ និង រដ្ឋាករ កម្ពុជា (អគរ) សហការជាមួយអង្គការគយ ពិភពលោក (WCO) បានរៀបចំវគ្គ បណ្តុះបណ្តាល ស្តីពី “ការយល់ដឹង ពីការរាវរកសារធាតុវិទ្យុសកម្ម និងនុយក្លេអ៊ែរ (The Radiological and Nuclear Detection Awareness – RANDA Training)” ជូនមន្ត្រីគយនិងរដ្ឋាករ និង មន្ត្រីមកពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមីសរុបចំនួន ២៩រូប នៅសាលាជាតិគយ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រចាំតំបន់របស់អង្គការគយពិភពលោក។

 

វគ្គបណ្តុះបណ្តាលនេះរយៈពេលបួនថ្ងៃ មានការចូលរួមធ្វើបទបង្ហាញ ដោយអ្នកជំនាញការមកពីអង្គការគយពិភពលោក ទីភ្នាក់ងារថាមពល បរ មាណូ អន្តរជាតិ មន្ត្រីជំនាញមកពីអគ្គលេខា ធិការ ដ្ឋានអាជ្ញាធរជាតិអាវុធគីមី និងមន្ត្រីជំនាញតំណាង អគរ ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ ក្នុងការស្វែងរក និង ដោះស្រាយការគំរាមកំហែងនានាដែលបង្កឡើងដោយសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរ។

មានមតិក្នុងនាម ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា, លោក ផា អេងវ៉េង អគ្គនាយករងនៃ អគរ បានគូស បញ្ជាក់អំពីភាពចាំបាច់ និងសារៈសំខាន់ក្នុងការបណ្តុះ បណ្តាល និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការដោះស្រាយបទល្មើសដ៏ស្មុគស្មាញ និងការវិវត្ត ដ៏លឿននៃគ្រោះថ្នាក់ដែលបង្កដោយសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរ ដើម្បីឱ្យមន្ត្រីគយនិងរដ្ឋាករ អាចចូលរួមសហការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពចំពោះការប្រើប្រាស់ ការចរាចរសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរនៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមសមត្ថកិច្ចជួរមុខនៅតាមព្រំដែន មន្ត្រីគយប្រឈមមុខ នឹងបទល្មើសកាន់តែច្រើននិងស្មុគ ស្មាញ ប៉ុន្តែតាមរយៈវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱ្យមន្ត្រីគយ នូវចំណេះដឹង និង ការប្រើប្រាស់ឧបករណ៍ដែលមានភ្ជាប់ ជាមួយនឹងបច្ចេកវិទ្យា ក្នុងការឆ្លើយតបនឹងបញ្ហា ប្រឈមទាំងនោះប្រកបដោយប្រសិទ្ធភាព។

ក្នុងរយៈពេលបួនថ្ងៃនៃវគ្គបណ្តុះបណ្តាលខាងលើ សិក្ខាកាមបានស្វែងយល់អំពីប្រធានបទសំខាន់ៗ រួមមាន៖ ការយល់ដឹងពីទិដ្ឋភាពទូទៅនៃការគំរាមកំហែងដោយសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរ ការសិក្សាអំពីបទប្បញ្ញត្តិជាតិនិងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុវិទ្យុសកម្មនិងនុយក្លេអ៊ែរ តួនាទីរបស់មន្ត្រីគយក្នុងករណីរកឃើញការបំពានណាមួយលើការប្រើប្រាស់សារធាតុវិទ្យុសកម្មនិងនុយ ក្លេអ៊ែរ ខុសច្បាប់ ការដឹកជញ្ជូនសារធាតុវិទ្យុសកម្មនិង នុយក្លេអ៊ែរដែលត្រឹមត្រូវ ការអនុវត្តល្អជាអន្តរជាតិនៅក្នុងការការពារសន្តិសុខព្រំដែន ការពង្រឹងសមត្ថភាពត្រួត ពិនិត្យក្នុងការនាំចូល ឬនាំចេញនូវកិច្ចសហប្រតិបត្តិការជាសកល និងការអនុវត្តជាក់ស្តែងលើការប្រើប្រាស់ឧបករណ៍សម្រាប់រាវរកសារធាតុវិទ្យុសកម្ម និងនុយក្លែអ៊ែរ ព្រមទាំងបានធ្វើទស្សន កិច្ចសិក្សានៅកំពង់ផែអន្តរជាតិភ្នំពេញ។

គួរបញ្ជាក់ផងដែរថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព្រំដែន ផ្តល់កិច្ចសម្រួលពាណិជ្ជកម្ម និងធានាសុវត្ថិភាព លើការចរាចរទំនិញ និងជំរុញឱ្យអង្គការគយ ពិភពលោក ជាមួយ និងបណ្តាញរបស់ខ្លួន គាំទ្រ រដ្ឋបាលគយកម្ពុជា ដើម្បីបង្កើនសមត្ថភាព រាវរក និងការបង្ការ ការទប់ស្កាត់និងប្រយុទ្ធប្រឆាំង នឹង ការរត់ពន្ធដោយខុសច្បាស់ នូវសារធាតុវិទ្យុសកម្ម និង នុយក្លេ អ៊ែរ។