បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន​ប្រចាំឆមាសទី១​ ឆ្នាំ២០២៤​… !!

 

 

 

(ដោយ ម៉ែន ច័ន្ទ ដារ៉ា)

​ (បន្ទាយមានជ័យ​)៖​ នៅព្រឹកថ្ងៃអង្គារ​ ទី២១ ខែឧសភា​ ឆ្នាំ២០២៤​ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន​ប្រចាំឆមាសទី១​ ឆ្នាំ២០២៤​ ក្រោយបញ្ចប់វគ្គហ្វឹកហ្វឺនរយៈពេល៤៥ថ្ងៃ​ ប្រកបដោយភាពជោគជ័យ។

​ ពិធីនេះធ្វេីឡេីងក្រោម​ អធិបតីភាព​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ព្រមទាំងមានការអញ្ជេីញចូលរួម​ ឯកឧត្តម សេង លាង ប្រធានសាលាដំបូងខេត្ត​ ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ​ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​ លោកវរសេនីយ៍ឯក ប៉ែន សុគន្ធ តំណាងលោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ឯកឧត្តម លោកឧត្តមសេនីយ៍ លោកវរសេនីយ៍ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។

​ បាយការណ៍ស្វាគមន៍លោកឧត្តម​សេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បានឱ្យដឹងថា​ អនុវត្តតាមផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ ឆ្នាំ២០២៤ កងរាជអាវុធហត្ថខេត្ត​ បានដំណើរការបើកវគ្គ ហ្វឹកហ្វឺន ចាប់តាំងពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដែលមានរយៈ ពេលហ្វឹកហាត់រៀនសូត្រចំនួន៤៥ថ្ងៃ ក្នុងនោះមានខ្លឹមសារមេរៀន៖ ១.​លំហាត់របៀបជួរទ័ព,​ ២. ប្រឆាំងភេរវកម្ម (វិធីសាស្រ្តបង្ក្រាបជនល្មើស),​ ៣. ការរក្សាសណ្តាប់ធ្នាប់,​ ៤. ក្រមនីតិវិធីព្រហ្មទណ្ឌ និងក្រមរដ្ឋប្បវេណី,​ ៥. ក្បាច់គុណកងយោធពលខេមរភូមិន្ទ,​ ៦. ការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានបញ្ជាក់ថា​ ក្នុងវគ្គនេះដែរមានយោធាចារ្យ និងលោកគ្រូសរុបចំនួន២២នាក់ កងរាជអាវុធហត្ថ ចំនួន១០នាក់,កងពលតូចថ្មើរជើងលេខ៥១ ចំនួន០៥នាក់,​ លោកគ្រូមកពីស្ថាប័នតុលាការចំនួន០២នាក់,​លោកគ្រូមកពីនាយកដ្ឋាននគរបាល បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ចំនួន០៥នាក់។ សិក្ខាកាមមកពី កងរាជអាវុធហត្ថចំនួន

៧១នាក់,​ កងនគរបាលខេត្តចំនួន៤៧នាក់,​កងពលតូចថ្មើរជើងលេខ៥១ចំនួន២០នាក់​ សរុបចំនួន១៣៨នាក់។

​ មានប្រសាសន៍នាឱកាសនោះ​ ឯកឧត្តម​ អ៊ុំ​ រាត្រី​ ក៏បានថ្លែងនូវការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់យោធាចារ្យ ដែលបានយកអស់កម្លាំងកាយ ចិត្ត និងចំណេះដឹងផ្តល់នូវការយល់ដឹងដល់សិក្ខាកាម នេះគឺជាការរំលឹក និងជាការបង្កើននូវសមត្ថភាពយល់ដឹង ក៏ដូចជាការពង្រឹងនូវកាយសម្បទាដល់កងកម្លាំង ដើម្បីឱ្យមានភាពរឹងមាំ ស្វាហាប់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន (ទាំងកម្លាំងអាវុធហត្ថ ទាំងកម្លាំងនគរបាល និងកងទ័ព ត្រូវមានកម្រិតយល់ដឹងខ្ពស់ មាន កាយសម្បទារឹងមាំ ស្វាហាប់ និងរហ័សរហួន ) ។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា​ បច្ចុប្បន្ន ថ្វីត្បិតតែប្រទេសយើងមានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍសមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនូវគ្រប់​សភាពការណ៍ ជាពិសេសក្នុងការងារគ្រោះមហន្តរាយទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗទៀតផង។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកប​ដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋផងដែរ។

នាឱកាសនោះដែរ​ ឯកឧត្ដម ឣ៊ុំ រាត្រី ក៏បានឧបត្ថម្ភជាថវិកាចំនួន១០លានរៀល សម្រាប់ពិធីបិទវគ្គហ្វឹកហ្វឺន និងកម្មវិធីពិសារឣាហារស្និតស្នាលផងដែរ៕