នាយឧត្តមសេនីយ៍ ទៀ សីហា ជួបពិភាក្សាការងារជាមួយអនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹមចិន សំដៅពង្រឹងកិច្ចសហប្រតិបត្តិការវាងកងទ័ពទាំងពីរ កម្ពុជា-ចិន
(ប៉េកាំង-ចិន)៖ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន និងចូលរួមក្នុង វេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំងរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈក្រសួងការពារជាតិ ជួបប្រជុំទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ហឺ វេទុង (He Weidong ) អនុប្រធានគណៈកម្មាធិការយោធាមជ្ឈឹម នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនោះ លោក ហឺ វេទុង បានសម្តែងការស្វាគមន៍ ចំពោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ដែលបានអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ហើយសង្ឃឹមថា តាមរយៈទស្សនកិច្ចនេះ កងទ័ពទាំងពីរ នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ឲ្យមានការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ជានិច្ចកាលតែងតែគាំទ្រដល់ប្រទេសកម្ពុជា ជាពិសេសក្នុងពេលមានការឆ្លងជំងឺរាតត្បាតកូវីដ១៩ ប្រទេសចិនបានផ្ដល់នូវឧបករណ៍សម្ភារៈ បរិក្ខាពេទ្យ ឱសថ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ ១៩ ហើយក្នុងនោះសម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើការសហការជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អំណោយវ៉ាក់សាំងកូវីដ១៩ សម្រាប់ជួយស្រោចស្រង់ជីវិតប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ទៀតថាទំនាក់ទំនង មិត្តភាព កម្ពុជាចិន គឺជាមិត្តភាពដ៏ល្អប្រសើរ និង មានភាពយូរអង្វែង។ បច្ចុប្បន្ននេះ កម្ពុជាបានកំពុងធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមម្លប់សន្តិភាព។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ក្នុងការបន្តធ្វើសមយុទ្ធនាគមាស និង សមយុទ្ធទេវតាសន្តិភាព ដែលការអនុវត្តលំហាត់ហ្វឹកហ្វឺននេះក្នុងពេលកន្លងមក បាននាំមកនូវការពង្រឹងសមត្ថភាពដល់កងយោធពលខេមរៈភូមិន្ទ។
លោក ហឺ វេទុង បានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព ចិន និង កម្ពុជា បានបង្កើតឡើងដោយការពូនជ្រុំ ដោយមេដឹកនាំជំនាន់មុន។ មិត្តភាព ចិន កម្ពុជាបានចាក់ឫសយ៉ាងជ្រៅក្នុងបេះដូងរបស់ប្រជាជននៃប្រទេសទាំងពីរ ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសយើងទាំងពីរ គឺជាទំនាក់ទំនងសំខាន់ដែលកងទ័ពប្រទេសទាំងពីរ ត្រូវខិតខំអនុវត្តឲ្យបានល្អ និងជំរុញសហប្រតិបត្តិការ កងទ័ពទាំងពីរឲ្យកាន់តែមា
នកម្រិតខ្ពស់៕