ថ្ងៃនេះ ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំសន្និបាត របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ..!!

 

 

ភ្នំពេញ ៖ ឯកឧត្តម ស សុខា ប្រធានកិត្តិយស សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដាន ការងាររៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានជំរុញឲ្យសមាគម បន្តយកចិត្តទុកដាក់ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន ដល់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលជាសមាជិករបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

ជាងនេះទៅទៀត ឯកឧត្តមប្រធានកិត្តិយស ក៏បានជំរុញឲ្យសមាគម ខិតខំប្រឹងប្រែងបង្កើតយន្តការចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយនៅកម្ពុជា ព្រោះវាបាននិងកំពុងបំពុលដល់សង្គមជាតិទាំងមូល។

 

បើតាមរបាយការណ៍របស់ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានឲ្យបញ្ជាក់ថា ការរៀបចំសន្និបាតនេះឡើងគឺដើម្បី តាមដាន និងវាយតម្លៃលទ្ធផលការអនុវត្តការងាររយៈពេល ១ឆ្នាំ ពិនិត្យនិង អនុម័តលើរបាយការណ៍ លទ្ធផលការងារប្រចាំឆ្នាំ២០២២ ពិនិត្យនិងអនុម័តលើការកែសម្រួលបទបញ្ជាផ្ទៃក្នុង ពិនិត្យនិងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈ ពិនិត្យនិងអនុម័ត លើផែនការសកម្មភាពការងារឆ្នាំ២០២៣ របស់ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

 

បើតាមឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដដែល សន្និបាតក៏បានដាក់ចេញនូវប្រធានបទរួមថា “រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត កុំប្រឌិតព័ត៌មានក្លែងក្លាយ ដើម្បីសង្គមនិងមនុស្សជាតិទាំងមូល” និងបានដាក់ចេញនូវប្រធានបទ ចំនួន ៣ សម្រាប់កិច្ចពិភាក្សាក្រុមផងដែរ រួមមាន ៖ ប្រធានបទទី១ “តើសមាគមត្រូវមានយន្តការអ្វីខ្លះក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ចូលជាសមាជិក? ប្រធានបទទី២ “តើសមាគមត្រូវចូលរួមយ៉ាងណាខ្លះ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាននៅកម្ពុជា?

 

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ក៏បានបញ្ជាក់ដែរថា សន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅពេញ ១ថ្ងៃ គឺនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ ដែល ពិធីបើកក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលមានថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ចូលរួមចំនួន ៥៦០អង្គ/នាក់ ផងដែរ ៕