ប្រជាពលរដ្ឋ រិះគន់ -លោក ឈុន សុភមង្គល ប្រធានសាខាគយ និង រដ្ឋាករ ខេត្តឧត្តរមានជ័យ ឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ ..?

 

 

ខេត្តឧត្តរមានជ័យ ៖ តាមប្រភពពីមន្ត្រីគយ នៅខេត្តឧត្តរមានជ័យ និងមន្ត្រីនៃស្ថាប័នពាក់ព័ន្ធ បានបង្ហើបថា៖  បច្ចុប្បន្ន លោក ឈុន សុភមង្គល ប្រធានសាខាគយ និង រដ្ឋាករ ខេត្តឧត្តរ មានជ័យ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួនគឺដោយសារ អាងមាន ខ្នងបង្អែករឹងមាំ នៅក្នុង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជានៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

យោងតាមការបង្ហើបពីមន្ត្រីគយនិងភ្នាក់ងារគយក្នុងខេត្តឧត្តរមានជ័យមួយចំនួនបានឲ្យដឹងថា លោក ឈុន សុភមង្គល កំពុងយកមេរៀន នៃអំពើពុករលួយយ៉ាងគឃ្លើន កាលនៅធ្វើជា ប្រធាន សាខាគយខេត្តបាត់ដំបង មកអនុវត្តន៍ ក្នុងតួនាទីជា ប្រធានសាខាគយ ខេត្តឧត្តរ មានជ័យ យ៉ាងរលូនដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។

ប្រភពដដែលបានឲ្យដឹងទៀតថា  បច្ចុប្បន្ននេះលោក ឈុន សុភមង្គល ឃុបឃិតឲ្យ ប្រធាន ការិយាល័យ គយច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក៏ដូចជា ប្រធាន ការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ព្រមទាំងមេគយច្រកជប់គគីរ ស្រុក បន្ទាយ អំពិល ប្រព្រឹត្តអំពើពុករលួយ៉ាងពេញទំហឹងតែម្តង។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានបង្ហើបឲ្យដឹងថា លោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ កំពុងឃុបឃិតឲ្យ ឈ្មួញ ធំៗនាំ ចូល ទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុកតែម្តង។ ប្រភពបានឲ្យដឹងទៀតថា លោក វ៉ាន់ ក្តេ មេគយច្រកអូរស្មាច់ តែងយកឈ្មោះលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ទៅប្រើដើម្បីការពារទង្វើ មិនប្រក្រតី និង អំពើ ពុក រលួយរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

លើសនេះទៅទៀតក្រុមឈ្មួញនិងអាជីវករតូចតាចព្រមទាំងប្រជាពលរដ្ឋដែលនាំចូលទំនិញតាមច្រកអូរស្មាច់ ត្រូវបានលោក វ៉ាន់ ក្តេ មេគយច្រកអូរស្មាច់ព្រមទាំងបក្ខពួក គាបយក លុយលើតុក្រោមតុដោយ ពុំមានចេញបង្កាន់ដៃបង់លុយឬវិក្កយប័ត្រឲ្យបានត្រឹម ត្រូវនោះទេ។

ចំណែកឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់តាម ច្រកអូរស្មាច់ស្រេចតែអំពើចិត្ត ព្រោះលោក វ៉ាន់ ក្តេ អាងមានលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ ជាបង្អែករឹងមាំរបស់ខ្លួន។

ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក៏បានឲ្យ ដឹងដែរថា មួយរយៈចុងក្រោយនេះលោក កែវ សារ៉ាត់ ប្រធានការិយាល័យ គយច្រកទ្វារ អន្តរជាតិជាំ ឃុបឃិតបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរាលដាលដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។ សូម្បីតែទំនិញប្រភេទចំណីអាហារខូចគុណភាព មានលាយសារធាតុគីមី និងទំនិញ ហួសកាល កំណត់ប្រើប្រាស់ក៏លោក កែវ សារ៉ាត់ ប្រធានការិយាល័យ គយច្រកទ្វារអន្តរ ជាតិ -ជាំ ឃុបឃិតឲ្យឈ្មួញនាំចូលយ៉ាងរលូនដែរ។ ទន្ទឹមនឹងនេះប្រធានការិយាល័យគយច្រកជប់គគីរ ស្រុកបន្ទាយអំពិល ក៏ឃុបឃិតបើក ដៃឲ្យ ឈ្មួញនាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ដោយគ្មានញញើតអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក ឈុន សុភមង្គល ប្រធានសាខាគយខេត្តឧត្តរមានជ័យ បានឲ្យដឹងថា អំពើពុកលួយរបស់មន្ត្រីគយ តាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ សុទ្ធតែមានការ ឃុបឃិត បើកដៃពី លោក ឈុន សុភមង្គល ដែលល្បីល្បាញ ខាងពុករលួយជាយូរមកហើយ។

​ប្រជាពលរដ្ឋ សូមសំណូមពរ ដល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា មិនគួរបណ្តោយឲ្យ លោក ឈុន សុភមង្គល ប្រធានសាខាគយ ខេត្តឧត្តរ មានជ័យ និងបក្ខពួកធ្វើអ្វីៗតាមអំពើចិត្តនោះទេ ។

 

ពាក់ព័ន្ធ និង ករណី ចោទប្រកាន់ប្រជាពលរដ្ឋខាងលើ  គេហទំព័រ pl nws យើងខ្ញុំ ពុំអាចសុំការបំភ្លឺ ពី លោក ឈុន សុភមង្គល  ប្រធានសាខាគយខេត្តឧត្តរមានជ័យ ពុំបានទេនៅពេលនេះ ..?