អ្នកស្រី កែ ឡេង ត្រូវបានដំឡើងស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ… (ផ្កាយ​ពីរ)

 

 

ភ្នំពេញ ៖ សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិរៀបចំកីឡាស៊ីហ្គេមលើកទី២៣ បានបំពាក់ស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ​ពីរ) ជូន​វីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសជើងឯកពិភពលោក ៤សម័យកាល។ ការ​បំពាក់​ស័ក្តិ​នេះ ធ្វើឡើងនៅក្នុងពិធីបូកសរុបលទ្ធផលការងារកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ​២០១៩ និង​ទិស ដៅអនុវត្តបន្ត នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានសន្តិភាព។

នៅ​ក្នុង​ពិធីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បាន​ថ្លែង​កោត​សរសើរ​ចំពោះ​កីឡាករ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ស្ទើរតែគ្រប់វិញ្ញាសាកីឡាទាំងអស់ បានកំពុងរីកចំរើនជាបន្តបន្ទាប់ដោយសារតែ មាន​ការ​យក​ចិត្ត​ទុកដាក់​ច្រើន​ និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ពី​សំណាក់​គ្រួ​បង្វឹក ​និង​ការ​ខិត​ខំ​ផ្ទាល់​របស់​កីឡា​ករ-កីឡាការិនី។

សុម្តេចបន្តថា បើទោះបីកម្ពុជាយើងនៅមានការខ្វះខាត់ខ្លះៗនូវឧបករណ៍សម្ភារៈ មធ្យោបាយ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការហ្វឹកហ្វឺននិងបណ្តុះបណ្តាល ជាពិសេស​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​វ័យ​ក្មេងលើវិស័យកីឡានៅមានកម្រិត ប៉ុន្តែ​វា​ត្រូវ​ទាមទារ​ឲ្យ​យើង​ទាំង​អស់​គ្នា​ខិតខំ​រួម​គ្នា​ដោះ ស្រាយការងារទាំងអស់នេះជាបន្តបន្ទាប់ទៀត ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យវិស័យ​កីឡា​នេះ​កាន់​តែ​រីក​ចំរើន បន្ថែម​ទៀត។

សូមជម្រាបថា អ្នកស្រី កែ ឡេង បានឈ្នះជើងឯកពិភពលោក ៤សម័យកាលជាប់គ្នារួចមកហើយ គឺ៣លើកមុន កីឡា​ការិនី កែ ឡេង បានឈ្នះមេដាយមាសជើងឯកពិភពលោក នៅប្រទេសបារាំង ឆ្នាំ២០១៣, បន្ទាប់​មកនៅប្រទេសថៃនៅឆ្នាំ២០១៥ នៅប្រទេសចិន ក្នុងឆ្នាំ២០១៧ និង​ចុង​ក្រោយ​នេះ​នៅ​ឆ្នាំ​២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕