អាជីករលក់ដូរក្នុងផ្សារក្រុងបានលុងត្អូញត្អែថា លំបាកក្នុងការលក់ដូរ ភ្ញៀវមិនសូវចូលក្នុងផ្សារទិញសោះ …?

 

 

ខេត្តរតនគិរី៖ អាជីវករលក់ដូរក្នុងផ្សារក្រុងបានលុង លំបាកក្នុងការលក់ដូរ ដោយមិនសូវ មានភ្ញៀវចូល ទិញ បន្ទាប់ពីផ្លូវ ចូលទៅក្នុងផ្សារ កាន់តែតូចចង្អៀត ស្ទើរតែគ្មានផ្លូវចូល គ្រាដែលផ្លូវខាងមុខផ្សារ មានអ្នកដាក់កញ្ច្រែងលក់ពាស់ពេញ មិនមានសណ្ដាប់ធ្នាប់។

បើតាមការត្អូញត្អែ របស់ក្រុមអាជីវករលក់ដូរគ្រប់ប្រភេទនៅក្នុងផ្សារក្រុងបានលុងខេត្តរតនគិរី បានឲ្យដឹងថា បញ្ហាដែលធ្វើឲ្យពួកគាត់លក់មិនសូវដាច់ គឺដោយសារឆ្នាំនេះ អ្នកលក់តាមកញ្ច្រែង កាន់តែកើនឡើងច្រើន ដាក់លក់តាមផ្លូវចូលក្នុងផ្សារ ស្ទើរតែមិនមានផ្លូវ ម្យ៉ាងវិញទៀត រដូវវស្សាមានភ្លៀងធ្លាក់ជាប់ៗគ្នាទាំងយប់ទាំងថ្ងៃ ខុសពីឆ្នាំមុនៗ។ ចំពោះការលក់ដូរនៅក្នុងផ្សារដូចពួកគាត់នេះ គឺពុំសូវមានមនុស្សចូលទិញនោះទេ ព្រោះតែខាងក្រៅបរិវេណផ្សារ និងច្រកចេញចូលមកក្នុងផ្សារ តូចចង្អៀតនិងមាន ការលក់ដូរយ៉ាងអនាធិបតេយ្យតាមចិត្ត គ្មានការរៀបចំសណ្ដាប់ធ្នាប់ តាមផ្លូវ ធ្វើឲ្យភ្ញៀវមានការលំបាកក្នុងការចូលទិញឥវ៉ាន់ផ្នែកខាងក្នុងផ្សារ។

ក្រុមអាជីវករ បានបន្តទៀតថាកាលពីមុនផ្លូវចូលផ្សារធំទូលាយមិនមានអ្នកលក់តាមផ្លូវនោះទេ តែមកដល់បច្ចុប្បន្ន គេដាក់តាំងលក់នៅ លើ ផ្លូវចូលផ្សារតែម្ដងហាក់បីដូចមិនមាន អ្នករៀបចំសណ្ដាប់ធ្នាប់ឲ្យបានប្រសើនោះទេ។ ពួកគាត់ជាក្រុមអាជីវករ ក៏បានលើកឡើង និងសំណូមពរដល់អាជ្ញាធរក៏ដូចជាអ្នកវិនិយោគផ្សារ ក្រុងបានលុង សូមមេត្តាជួយរៀបចំសណ្ដាប់ធ្នាប់ឲ្យបានត្រឹមត្រូវផង ដើម្បីងាយស្រួលឲ្យអតិថិជនធ្វើដំណើរចេញចូលបានស្រួល។

ទន្ទឹមនិងការត្អូញតែ និងសំណូមពររបស់ក្រុមអាជីវករខាងលើនេះដែរ លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងតាមទូរស័ព្ទថា .៖ ចំពោះបញ្ហាសំណូមពររបស់ក្រុមអាជីវករដែលលក់ដូរក្នុងផ្សារក្រុងបានលុងនេះ លោកបានរៀបចំចេញ(ស.ជ.ណ) រួចហើយមិនតែប៉ុណ្ណោះ ក៏បានផ្សព្វផ្សាយអំពាវនាវជាច្រើនលើកច្រើនសារឲ្យពួកគាត់បានដឹងអំពីការប្រើប្រាស់ចិញ្ចើមផ្លូវ អំពីអ្នកដែលយកផ្លូវសាធារណៈដាក់តាំងលក់អីវ៉ាន់ផងដែរ។

លោកអភិបាលក្រុង ក៏បានបន្តទៀតថា ចំពោះការចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ផ្សារ ក៏ដូចជាសណ្ដាប់ធ្នាប់ក្រុងទាំងមូល លោកកំពុងប្រជុំរៀបចំគណៈកម្មការ ដើម្បីចុះអនុវត្តតាមនីតិវិធី។

គូរបញ្ជាក់ផងដែរថា ចំពោះបញ្ហាផ្សារក្រុងបានលុង គឺជាកន្លែងដែលមានបញ្ហាមិនចេះចប់ ហើយក៏ជាជំងឺមហារីកដ៏រ៉ាំរ៉ៃដែលព្យាបាល និងដោះស្រាយជាយូរឆ្នាំមកហើយមិនទាន់បានចេញលទ្ធផលអ្វី ធ្វើឲ្យប្រជាអាជីវករលក់ដូរក្នុងផ្សារ បានសប្បាយចិត្ត នៅឡើយទេ ។                                                                                               ជាក់ស្ដែងប៉ុន្មានឆ្នាំកន្លងមកនេះមានទំនាស់រវៀងខាងក្រុមហ៊ុនវិនិយោគផ្សារនិងក្រុមហ៊ុនអនាម័យសំរាម គឹមជ្រា របស់លោក ជា គួង ចំពោះបញ្ហាប្រាក់អនាម័យ។

រីឯសណ្ដាប់ បរិវេណជុំវិញផ្សារ ដែលហៅថា តំបន់៤ ក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលទទួលខុសត្រូវ របស់អាជ្ញាធរក្រុង មានភាពរញេរញ៉ៃមិនចេះចប់ រហូតរៀងមក ហាក់មិនមានអ្នកទទួលខុសត្រូវ៕  ដោយ ៖ស៊ីម បឿន .!!