កម្លាំងកងពលតូចថ្មើរជើងលេខ៤១ សហការជាមួយអាជ្ញាធរ ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង

 

 

ខេត្តឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ កម្លាំងអង្គភាពវរសេនាតូចលេខ៤១៤ ចំណុះឲ្យកងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ក្រោមបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ រឹម គុយ មេបញ្ជាការការវរសេនាតូចលេខ៤១៤ បានចាត់តាំងលោក វរសេនីយ៍ត្រី ស្មុត ម៉ាច មេញ្ជាការរង វរសេនាតូចលេខ៤១៤ ដឹកនាំកម្លាំងចំនួន១៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រឡាយ ប្រជាការពារ និងអាជ្ញាធរភូមិ ឃុំ ចំនួន៨នាក់ សរុបមានចំនួន ២១នាក់ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋចំនួន ២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង មកកាន់ទីទួលសុវត្ថិភាព។ 

ប្រជាពលរដ្ឋទាំង ២គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនោះ ទី១) ឈ្មោះហយ ខ្លី ភេទស្រីអាយុ ៥៩ឆ្នាំ និងទី២) ឈ្មោះសំ សុីម ភេទស្រី អាយុ៤០ឆ្នាំ។ ប្រជាពលរដ្ឋទាំង២គ្រួសារខាងលើមានមុខរបរជាកសិករ និងមានទីលំនៅភូមិត្រពាំងបី (ជាប់ជើងភ្នំដងរែក) ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សម្ភារះ ដែលរងការលិចខូចខាតរួមមាន៖ លិចស្រូវអង្ករសរុបចំនួន១៩ការ៉ុង ជីដាក់ស្រូវចំនួន៥០ការ៉ុង បាត់មាន់ទាសរុបចំនួន៦០ក្បាល និងលិចសម្ភារមួយចំនួនធំទៀត។ 

ជាមួយនោះក្រុមសង្គ្រោះបានសង្គ្រោះមកវិញនូវអង្ករ និងស្រូវចំនួន ១៩ការ៉ុង ជីដាក់ស្រូវចំនួន ៥០ការ៉ុង ជ្រូកចំនួន ១០ក្បាល មាន់ទា ៤០ក្បាល គោយន្ ត១គ្រឿង ម៉ូតូ១គ្រឿង កង់១គ្រឿង  ម៉ាសុីនភ្លើង១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំទៀត៕